Apple អាចនឹងប្រកាសចេញស្មាតហ្វូនអេក្រង់បត់ដំបូង “iPhone Ultra” នៅពេលឆាប់ៗនេះ
ខណៈដែលព្រឹត្តិការណ៍បង្ហាញផលិតផលថ្មីប្រចាំឆ្នាំរបស់ក្រុមហ៊ុន Apple កាន់តែខិតជិតមកដល់ ប្រភពព័ត៌មានបច្ចេកវិទ្យាធំៗ និងគួរឱ្យទុកចិត្តជាច្រើនដូចជា Bloomberg, MacRumors និង CNET បានបង្កើនការទម្លាយព័ត៌មានអំពីស្មាតហ្វូនអេក្រង់បត់ដំបូងបង្អស់របស់ក្រុមហ៊ុនយក្សអាមេរិកមួយនេះ។

តាមប្រភពជឿជាក់បាន ស្មាតហ្វូនអេក្រង់បត់នេះអាចនឹងមិនប្រើឈ្មោះ “iPhone Fold” ដូចការរំពឹងទុកពីមុននោះទេ ប៉ុន្តែអាចនឹងត្រូវប្រសិទ្ធនាមថា iPhone Ultra ដែលជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីនៃត្រកូល iPhone គិតចាប់តាំងពីឆ្នាំ ២០០៧ មក។
រូបរាង និងបច្ចេកវិទ្យាអេក្រង់បត់
តាមទិន្នន័យលេចធ្លាយ៖
- ទម្រង់បត់៖ មានស្ថាបត្យកម្មបត់ដូចសៀវភៅ (Book-style) ដោយអេក្រង់ខាងក្រៅមានទំហំប្រមាណ ៥,៥ អ៊ីញ និងអេក្រង់ខាងក្នុងពេលលាតសន្ធឹងពេញមានទំហំ ៧,៨ អ៊ីញ ក្នុងសមាមាត្រ 4:3 ដូចទៅនឹងទំហំរបស់ iPad mini។
- ភាពស្តើង៖ នៅពេលលាតសន្ធឹង វាអាចមានកម្រាស់ត្រឹមតែ ៤,៥ មីលីម៉ែត្រប៉ុណ្ណោះ ដែលធ្វើឱ្យវាក្លាយជាឧបករណ៍ស្តើងបំផុតមួយរបស់ Apple។
- ស្នាមបត់អេក្រង់៖ Apple ត្រូវគេរាយការណ៍ថាបានប្រើប្រាស់បច្ចេកវិទ្យាកញ្ចក់ស្តើងពិសេស (Ultra-Thin Glass) និងគ្រោងឆ្អឹងខាងក្នុងដែលជួយកាត់បន្ថយស្នាមបត់ (Crease) ឱ្យនៅសល់តិចតួចបំផុតរហូតស្ទើរតែមើលមិនឃើញ។
