សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថាឯកអគ្គរដ្ឋទូតថ្មីរបស់បេណាំង នឹងជួយជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរីកចម្រើនបន្ដទៀត

admin By admin May 19, 2026

(ភ្នំពេញ)៖ នាវិមានសាមគ្គីភាពនៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា អនុញ្ញាតឲ្យលោក Franck E. W. ADJAGBA ឯកអគ្គរដ្ឋទូតតែងតាំងថ្មី សាធារណរដ្ឋបេណាំងប្រចាំនៅកម្ពុជា ចូលជួបប្រគល់សារតាំង។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយ ហើយក្នុងព្រះបរមនាមរបស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចសូមអបអរសាទរចំពោះលោក ADJAGBA ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតរបស់បេណាំងប្រចាំនៅកម្ពុជា។
សម្ដេចសង្ឃឹមថា បេសកកម្មរបស់លោកក្នុងឋានៈជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជានេះ នឹងញ៉ាំងទំនាក់ទំនងរវាងកម្ពុជា និងបេណាំងឲ្យកាន់តែរីកចម្រើនបន្តទៀត។
នៅក្នុងឱកាសនោះ លោកឯកអគ្គរដ្ឋទូតបានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឲ្យលោកបានជួបហើយប្រគល់សារតាំងនាពេលនេះ។ សម្ដេចតេជោ បានបញ្ជាក់អំពីអនុស្សាវរីយ៍ និងចំណងមិត្តភាពមួយដ៏រឹងមាំបន្ថែមទៀត សម្រាប់ទំនាក់ទំនងរវាងកម្ពុជា និងបេណាំង។
សម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា សម្តេចបានទៅទស្សនកិច្ចនៅប្រទេសមួយនេះ ក្នុងពេលដែលសម្ដេចនៅជារដ្ឋមន្ត្រីការបរទេស គឺអំឡុងឆ្នាំ១៩៨៣ ដែលពេលនោះកម្ពុជា ត្រូវបានរឹតត្បិត នៃការដាក់ទណ្ឌកម្មពីបរទេស តែបេណាំងនៅតែទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់សម្ដេចនាពេលនោះ។
សម្ដេចតេជោក៏ឈ្លៀតឱកាសនេះ អញ្ជើញប្រធានាធិបតីរបស់បេណាំង មកកាន់ប្រទេសកម្ពុជានៅពេលខាងមុខ នៅពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលប្រទេសនិយាយភាសាបារាំង ហ្វ្រង់កូហ្វូនី នៅខែវិច្ឆិកាខាងមុខ។ សម្ដេចសង្ឃឹមថា មេដឹកនាំរបស់បេណាំង នឹងអញ្ជើញមកកាន់ប្រទេសកម្ពុជា ហើយនៅពេលនោះ ជាឱកាសនៃការពង្រីកមិត្តភាពរវាងប្រទេសទាំងពីរ ឲ្យកាន់រឹងមាំបន្ថែមទៀត។
សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថានៅក្នុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំប្រទេសនិយាយភាសាបារាំងនៅខែវិច្ឆិកាខាងមុខ មេដឹកនាំរបស់បេណាំង នឹងអញ្ជើញមកកាន់ប្រទេសកម្ពុជា។ ចុងក្រោយសម្ដេចតេជោ ហ៊ុន សែន បានជូនពរលោកឯកអគ្គរដ្ឋទូត សូមទទួលបាននូវភាពជោគជ័យក្នុងបេសកកម្មនៅប្រទេសកម្ពុជា។
សូមបញ្ជាក់ថា បេណាំង (Benin) ជាប្រទេសតូចមួយស្ថិតនៅភាគខាងលិចនៃទ្វីបអាហ្រ្វិក ដែលប្រើប្រាស់ភាសាផ្លូវការ គឺភាសាបារាំង។ រដ្ឋធានីផ្លូវការរបស់បេណាំងស្ថិតក្នុងទីក្រុងព័រតូណូវ៉ូ (Porto-Novo) ហើយស្ថាប័នអំណាចនីតិបញ្ញត្តិក៏នៅទីនោះដែរ ប៉ុន្តែស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័នតុលាការ បែរជាស្ថិតនៅក្នុងទីក្រុងកូតូនូ (Cotonou) ទៅវិញ ដែលទីក្រុងកូតូនូនេះ ជាទីក្រុងធំបំផុតរបស់បេណាំង។
បេ​ណាំង​មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​តូហ្គោ​នៅ​ភាគ​ខាងលិច​, នី​ហ្សេ​រី​យ៉ា​ភាគ​ខាងកើត​, ខាងជើង​ជាប់​ប្រទេស​បូ​គី​ណា​ហ្វា​សូ និង​ជាប់​ប្រទេស​នី​ហ្សេ។
ប្រជាជន​មួយ​ភាគច្រើន​ធំ​របស់​ប្រទេស​បេ​ណាំង​រស់នៅ​លើ​តំបន់ឆ្នេរ​ដ៏​តូច​របស់​ខ្លួន គឺ​ឆ្នេរ Bright of Benin ដែល​ជា​ផ្នែក ​នៃ​ឈូង​សមុទ្រ Gulf of Guinea​។ បេ​ណាំង​គ្របដណ្តប់​លើ​ផ្ទៃដី​ប្រមាណ​ ​១១៤.៧៦៣ គីឡូ​ម៉ែត្រការ៉េ ដែលមានប្រជាជនជាង ១៥លាន​នាក់៕

Leave a Reply

Your email address will not be published. Required fields are marked *